អាថ៌កំបាំងមួយនៃភាពជោគជ័យ

មនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បានភាពជោគជ័យនៅក្នុងជីវិត ជាពិសេសនោះគឺភាពជោគជ័យខាងការងារ ឬមុខជំនួញជាដើម។ អ្នកខ្លះ ដោយហេតុតែចង់បានភាពជោគជ័យពេក ពួកគាត់ខិតខំធ្វើការ ដោយមិនខ្លាចភាពនឿយហត់ ហើយពេលខ្លះពួកគាត់ភ្លេចញែកពេលក្នុងការសម្រាកក៏មាន។


“កុំព្យាយាមធ្វើជាមនុស្សដែលជោគជ័យ ប៉ុន្តែត្រូវធ្វើជាមនុស្សដែលមានតម្លៃវិញ” (Try not to become a man of success, but rather try to become a man of value.) –
អាល់បឺត អែងស្តែង (Albert Einstein)

ទោះជាយ៉ាងណាក៏ដោយ លោកអាល់បឺត អែងស្តែង (Albert Einstein) បានលើកឡើងថា “កុំព្យាយាមធ្វើជាមនុស្សដែលជោគជ័យ ប៉ុន្តែត្រូវធ្វើជាមនុស្សដែលមានតម្លៃវិញ” (Try not to become a man of success, but rather try to become a man of value.) ។ តើលោកអែងស្តែង ចង់មានន័យយ៉ាងដូចម្តេច?

នៅក្នុងសង្គមការងារ លោកម៉ាល ម៉ុងរ៉ូ (Myles Munroe) បាននិយាយពាក្យមួយថា “ធ្វើខ្លួនឯងឲ្យមានតម្លៃ នោះនឹងមានអ្នកជួលយើងឲ្យប្រើតម្លៃនោះសម្រាប់គេ” ។ គាត់បានបន្ថែមទៀតថា យើងត្រូវតែបង្កើតគុណតម្លៃមួយសម្រាប់សហគមន៍ ឬកន្លែងដែលយើងធ្វើការ នោះគុណតម្លៃដែលយើងបង្កើតនោះ នឹងជះឥទ្ធិពលដល់សហគមន៍ ឬកន្លែងដែលយើងធ្វើការ ហើយមនុស្សនឹងទទួលស្គាល់នូវគុណតម្លៃដែលយើងបានបង្កើត ហើយភាពជោគជ័យនឹងរត់តាមពីក្រោយយើងជាក់ជាមិនខាន។

នៅក្នុងវិស័យជំនួញវិញ ចូរយើងក្រឡេកមើលអស់អ្នកដែលជោគជ័យដូចជា ប៊ីលហ្គេត (Microoft)  ស្ទីវចប (Apple)  ម៉ាកហ្សុកឃឺបឺក (Facebook) ជែកម៉ា (Alibaba) ជាដើម តើយើងឃើញគុណតម្លៃអ្វីខ្លះដែល​ពួកគេបានបង្កើតសម្រាប់ពិភពលោក?

ដូច្នេះសូមគិតពិចារណាលើពាក្យនេះ “កុំព្យាយាមធ្វើជាមនុស្សដែលជោគជ័យ ប៉ុន្តែត្រូវធ្វើជាមនុស្សដែលមានតម្លៃវិញ” (Try not to become a man of success, but rather try to become a man of value.) ហើយសួរខ្លួនឯងថា តើអ្នកមានតម្លៃអ្វីខ្លះសម្រាប់កន្លែងការងារ  សហគមន៍ ប្រទេសជាតិ និង ពិភពលោក?